. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear(ទិវាសិទ្ធិមនុស្សផ្តោតលើ សូមស្តាប់សំដីរបស់ខ្ញុំផង!!!! មេដឹកនាំណាដែលគិតអំពីប្រយោជន៍គ្រួសារ ខ្សែស្រឡាយបក្សពួករបស់ខ្លួនមិនគិតអំពីប្រទេសជាតិមេដឹកនាំនោះជាអ្នកបំផ្លិចបំផ្លាញប្រទេសជាតិខ្លួនឯង ដោយដៃខ្លួនឯងផ្ទាល"គ្មានអ្វីអាក្រក់ជាង អ្នកដឹកនាំបំផ្លាញជាតិឯងនោះទេ

ព៍ត៌មានទាន់ហេតុការណ៍ៈ r

Monday, December 8, 2014

បទ​វិភាគ៖ តើ​លោក ហ៊ុន សែន អាច​បំបែក​សម្ពន្ធភាពបក្ស​ប្រឆាំង​បាន​ដែរ​ឬ​ទេ?

ដោយ ទីន ហ្សាការីយ៉ា

2014-12-08
សម រង្ស៊ី កឹម សុខា ហ៊ុន សែន ៦១០
លោក សម រង្ស៊ី (ឆ្វេង) និង​លោក កឹម សុខា (កណ្ដាល) ជជែក​ជាមួយ​លោក ហ៊ុន សែន ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នា​វិមាន​ព្រឹទ្ធ​សភា។
RFA/Tin Zakariya
គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​នេះ ពិសេស​គឺ​មក​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ គណបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​សព្វ​បែប​យ៉ាង​ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត។ ទោះបីជា​ចាញ់​ឆ្នោត​ក៏​ឈ្នះ ឈ្នះ​ឆ្នោត​ក៏​ឈ្នះ។ ម្យ៉ាងទៀត​គណបក្ស​ប្រជាជន​កម្ពុជា ក៏​អាច​ប្រើ​យុទ្ធសាស្ត្រ​បំបែកបំបាក់​គូប្រកួត​ដែរ​ដើម្បី​សម្រេច​គោលបំណង​ របស់​ខ្លួន។
ងាក​មក​បរិបទ​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី ៥ នេះ​វិញ មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​បាន​ទម្លាក់​ចោល​ការ​ខុស​គ្នា រួច​ងាក​មក​ប្រកៀក​ស្មា​គ្នា​យ៉ាង​រឹងមាំ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស ​ប្រជាជន​កម្ពុជា។ តែ​យ៉ាង​នេះ​ក្ដី តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើត​ចេញ​ពី​សម្ពន្ធភាព​វាង​គណបក្ស សម រង្ស៊ី របស់​លោក សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស របស់​លោក កឹម សុខា នោះ អាច​ប្រឈមមុខ​នឹង​ការ​បំបែក​បំបាក់​របស់​លោក ហ៊ុន សែន ទៀត ឬ​យ៉ាង​ណា?
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ធ្លាប់​ជា​គូបដិបក្ខ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការ​ប្រកួតប្រជែង​នយោបាយ​កន្លង​មក។ អ្នក​ទាំង​ពីរ​តែងតែ​វាយ​ប្រហារ​ឆ្លើយឆ្លង​ពាក្យ​សម្ដី​រិះគន់​គ្នា​ទៅ​វិញ​ ទៅ​មក ដែល​គេ​ឯង​តែង​មើល​ឃើញ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ដូច​ទឹក​និង​ប្រេង មិន​អាច​រលាយ​ចូល​គ្នា​បាន​សោះ។  ក៏ប៉ុន្តែ​នរណា​ទៅ​ស្មាន​ដល់​ថា ឥឡូវ​ទឹក​និង​ប្រេង​នេះ ចាប់​ផ្ដើម​រលាយ​ចូល​គ្នា​បណ្តើរៗ​ហើយ។
ភាសា​រួម​មួយ​ដែល​អ្នក​ទាំង​ពីរ​លើក​យក​មក​និយាយ​ប្រាប់​ពលរដ្ឋ​នៅ​ពេល​ នេះ គឺ​វប្បធម៌​សន្ទនា​គ្នា។ តើ​នេះ​ជា​វប្បធម៌​ថ្មី​បើក​អោយ​មាន​ការ​សន្ទនា​រវាង​គណបក្ស​នយោបាយ ឬ​ក៏​យុទ្ធសាស្ត្រ​ចាស់​ផ្លាស់​ឈ្មោះ​ថ្មី ដើម្បី​អូស​ទាញ​លោក សម រង្ស៊ី ហើយ​បំបែកបំបាក់​លោក កឹម សុខា?
នរណា​ក៏​មើល​ឃើញ​ថា សម្ពន្ធភាព​ដ៏​រឹងមាំ​មុន​ការ​បោះឆ្នោត​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ហៀប​តែ​នឹង​ផ្ដួល​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ទៅ​ហើយ បើ​តាម​លទ្ធផល​នៃ​ការ​បោះឆ្នោត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣ កន្លង​ទៅ​នេះ។  កាល​នោះ​មេដឹកនាំ​គណបក្ស​នេះ​បាន​លើក​ជា​ទ្រឹស្ដី​នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​ ថា សមាជិក​គណបក្ស​ខ្លួន​ទិញ​ក៏​មិន​លក់​សម្លុត​ក៏​មិន​ខ្លាច។ ការ​ថ្លែង​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ហាក់​ដូច​ជា​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា សមាជិក​របស់​ខ្លួន​នឹង​មិន​លក់​ខ្លួន​ឲ្យ​គណបក្ស​គូប្រកួត​ឡើយ។
គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដឹង​យ៉ាង​ច្បាស់​ថា យុទ្ធសាស្ត្រ​សម្លុត ឬ​ការ​ទិញ​ទឹក​ចិត្ត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​រត់​ចុះ​ចូល​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ជោគជ័យ​កាល​ពី​មុន ឆក់​យក​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​សមាជិក​គណបក្ស សម រង្ស៊ី នោះ លែង​ទទួល​បាន​ជោគជ័យ​ហើយ។ សមាជិក​គណបក្ស​ប្រឆាំង​​ដឹង​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ពី​ម្ចាស់​ឆ្នោត​ដោយសារ​ការ​ដឹកនាំ​របស់​ រដ្ឋាភិបាល​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន ដូចជា បញ្ហា​ទំនាស់​ដីធ្លី ភាព​អយុត្តិធម៌​នៅ​ក្នុង​សង្គម ពោល​គឺ​តុលាការ​មិន​ឯករាជ្យ រដ្ឋាភិបាល​ខ្វះ​សមត្ថភាព​ក្នុង​ការ​បញ្ចប់​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍ គម្លាត​រវាង​អ្នក​មាន​និង​អ្នក​ក្រ​កាន់​តែ​ច្រើន ។ ល ។
ងាក​មក​មើល​ការវិវឌ្ឍន៍​នយោបាយ​ចុង​ក្រោយ​នេះ​វិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​មួយ​ទៀត ដោយ​លោក​ហាក់​ដូចជា​បង្ហាញ​ថា លោក​ទោរទន់​ទៅ​តាម​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ពិសេស​លោក សម រង្ស៊ី ដូចជា​ព្រម​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី ព្រម​ផ្ដល់​អាជ្ញាប័ណ្ណ​វិទ្យុ ទូរទស្សន៍ ពិសេស​ព្រម​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា​ប្រកា ៤៨​ថ្មី ដោយ​រៀបចំ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា និង​ព្រម​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដែល​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ដើម្បី​ជា​គូសន្ទនា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក សម រង្ស៊ី នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ភាគ​តិច​នេះ។
ការ​បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​តំណាងរាស្ត្រ​ក្នុង​សភា​នេះ តាម​មើល​ទៅ​អាច​ថា ជា​ការ​បន្សាប​ឥទ្ធិពល​លោក កឹម សុខា ដែល​លោក​ជា​អនុ​ប្រធាន​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ផង​នោះ។ តួនាទី​នេះ ហាក់​ដូចជា​ដើរ​ផ្ទុយ​ពី​របប​សភា​និយម ព្រោះ​ថា រដ្ឋធម្មនុញ្ញ​មាត្រា ៩៨ បាន​ចែង​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ ៣០​រួប អាច​កោះហៅ​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី​នានា​មក​សួរនាំ​ក្នុង​សភា​បាន​ទៅ​ហើយ ហេតុអ្វី​ចាំបាច់​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ​ទៀត?
ម្យ៉ាង​វិញ​ទៀត ការ​ចង់​បាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ ហាក់​បី​ដូចជា​លោក សម រង្ស៊ី សម្រេច​ចិត្ត​លឿន​បន្តិច។ គេ​នៅ​ចាំ​បាន​ថា កាល​ពី​ការ​ធ្វើ​បាតុកម្ម​ដ៏​ផុស​ផុល​នៅ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ឆ្នាំ​២០១៣ ក្រោយ​ពេល​បោះ​ឆ្នោត​នោះ គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា រាល់​ការ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ទទួល​យក​ការ​ព្រមព្រៀង​ណា​មួយ ត្រូវ​ធ្វើ​សមាជ​សួរ​យោបល់​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​មុន​សិន។ តែ​ពេល​នេះ អ្វីៗ​ហាក់​ផ្ទុយ​ពី​កិច្ចសន្យា​ចំពោះ​មុខ​អ្នក​គាំទ្រ​នោះ។
ការ​ព្រមព្រៀង​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន នេះ ហាក់​ដូចជា​ការ​សម្រេច​ទាន់ហន់​រហូត​ដល់​មាន​ដំណឹង​លេច​ឮ​ថា មិន​បាន​ពិភាក្សា​ជាមួយ​លោក កឹម សុខា ផង។ ម្យ៉ាង​វិញ​ទៀត លោក ហ៊ុន សែន មិន​ងាយ​យល់​ព្រម​ផ្ដល់​តួនាទី​ឲ្យ​បក្ស​ប្រឆាំង ឬ​ព្រមព្រៀង​ទៅ​លើ​ការ​ស្នើ​សុំ​ណា​មួយ​ងាយៗ​នោះ​ទេ ព្រោះ​ថា គណបក្ស​ប្រឆាំង​គឺ​ជា​គូប្រជែង​ស្លាប់​រស់​របស់​ខ្លួន។ ម្យ៉ាង​ទៀត នរណា​ក៏​ដឹង​ដែរ​ថា លោក ហ៊ុន សែន និង​លោក សម រង្ស៊ី គឺ​ជា​គូប្រកួត​ដ៏​ខ្លាំងក្លា​មួយ​នៅ​លើ​សង្វៀន​នយោបាយ​នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ។ ចុះ​ហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា​នៅ​ពេល​នេះ?
បើសិនជា​មេដឹកនាំ​ទាំង​ពីរ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ និង​មាន​ឆន្ទៈ​ផ្សះផ្សា​ជាតិ​មែន មិន​មែន​លោក ហ៊ុន សែន បណ្ដែតបណ្ដោយ​ឲ្យ​កងកម្លាំង​បាញ់​ប្រហារ​កម្មករ​ស្លាប់​អស់​ជា​ច្រើន​នាក់​ នៅ​ពេល​បាតុកម្ម​នោះ​ទេ ហើយ​ក៏​មិន​ធ្វើការ​វាយ​ប្រហារ​លោក កឹម សុខា ដែល​ជា​សម្ព័ន្ធមិត្ត​របស់​លោក សម រង្ស៊ី នោះ​ដែរ។
បរិបទ​នយោបាយ​នៅ​ពេល​នេះ ទិសដៅ​សំខាន់ តាម​មើល​ទៅ​លោក ហ៊ុន សែន ហាក់​ប្រើ​យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី ក្នុង​ការ​បំបែកបំបាក់​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច​ដែល​លោក​ធ្លាប់​ធ្វើ​បាន​ជោគជ័យ​កន្លង​មក។ ដូចជា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០០៣ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដឹកនាំ​ដោយ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​គណបក្ស សម រង្ស៊ី ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន​នោះ គឺ​គណបក្ស​ទាំង​ពីរ​បាន​ចុះ​កិច្ចព្រមព្រៀង​បង្កើត​សម្ពន្ធភាព​អ្នក​ ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០០៣ ដែល​គណបក្ស​ទាំង​ពីរ​បាន​ប្រឆាំង​ដាច់ខាត​បេក្ខជន​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដោយ​ចង់​ឲ្យ​លោក ជា ស៊ីម ឬ​លោក ស ខេង ជា​នាយកមន្ត្រី​វិញ។
ជា​រឿយៗ ពលរដ្ឋ​តែង​ឮ​ថា សម្ពន្ធភាព​រវាង​អ្នក​នយោបាយ​រឹងមាំ​ណាស់។ សម្ដេចក្រុមព្រះ និង​លោក សម រង្ស៊ី កាល​នោះ​​ប្រកាស​ថា សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​រឹង​មាំ គ្មាន​អ្នក​បំបែកបំបាក់​បាន​ឡើយ មិន​ខុស​ពី​អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រកាស​នៅ​ពេល​ជា​ហូរហែ​មក​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ងាយ​បែកបាក់​គ្នា​នោះ​ឡើយ។ ក៏ប៉ុន្តែ​នៅ​ទីបំផុត​សម្ពន្ធភាព​អ្នក​ប្រជាធិបតេយ្យ​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក សម រង្ស៊ី ដ៏​រឹងមាំ​នោះ មិន​យូរ​ប៉ុន្មាន​ផង​ក៏​ដាច់​សម្ព័ន្ធ​នេះ​ទៅ​វិញ។ ជា​ជម្រើស​ចុង​ក្រោយ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​រត់​ទៅ​ចាប់​លោក ហ៊ុន សែន ដោយសារ​តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​តួនាទី​ឲ្យ​សម្ដេចក្រុមព្រះ​ជា​ព្រះ​ប្រធាន​រដ្ឋ​សភា និង​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចូល​រួម​រដ្ឋាភិបាល​ចម្រុះ ដោយ​ទុក​ឲ្យ​លោក សម រង្ស៊ី ដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្នុង​សភា​ដដែល។
យុទ្ធសាស្ត្រ​បង្រួបបង្រួម បំបែកបំបាក់ បង្កើត​ថ្មី​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​កំពុង​លេង​ជា​បន្ត​បន្ទាប់។ បើ​យើង​ក្រឡេក​មើល​ថយ​ក្រោយ​វិញ​បន្តិច នៅ​ពេល​ស្ថានភាព​នយោបាយ​ជាប់​គាំង ជា​ញឹកញាប់​ក្នុង​ពេល​ចរចា លោក ហ៊ុន សែន តែងតែ​ជួប​ចរចា​តាម​ទូរស័ព្ទ និង​ជួប​ផ្ទាល់​ជាមួយ​លោក សម រង្ស៊ី នៅ​ពេល​លោក កឹម សុខា ទៅ​ទស្សនកិច្ច​នៅ​បរទេស។ ម្យ៉ាង​ទៀត លោក ហ៊ុន សែន ខ្លួន​ឯង​ក៏​ធ្លាប់​ថ្លែង​ជា​សាធារណៈ​ថា ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​មិន​បាន​កាល​នោះ គឺ​បណ្ដាល​មក​ពី​លោក កឹម សុខា។
រី​ឯ​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤ នៅ​ក្បែ​ទីលាន​ប្រជាធិបតេយ្យ​វិញ នៅ​មុន​ពេល​ជំនួប​ចរចា​កំពូល​ដែល​ដឹកនាំ​ដោយ​អ្នកស្រី មូរ សុខហួរ នោះ តំណាងរាស្ត្រ​ទាំង ៧​រួប សុទ្ធតែ​មក​ពី​កូតា​គណបក្ស​សម រង្ស៊ី ទាំ​អស់។ កាល​ណោះ​លោក សម រង្ស៊ី កំពុង​តែ​នៅ​ក្រៅ​ប្រទេស។ ក្រោយ​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ លោក សម រង្ស៊ី ក៏​វិល​មក​កម្ពុជា​វិញ​ភ្លាមៗ នៅ​ពេល​នោះ លោក សម រង្ស៊ី ហាក់​ដឹង​ជា​មុន​អំពី​ការ​ចរចា និង​មាន​ការ​ដោះលែង​វិញ ព្រោះ​លោក សម រង្ស៊ី អះអាង​ភ្លាមៗ​ថា អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ នឹង​មាន​ការ​ដោះលែង​វិញ​មិន​ខាន។
ការ​អញ្ជើញ​មក​ដល់​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក៏​រៀបចំ​ការ​ជួប​គ្នា​ចរចា​រក​ដំណោះស្រាយ​នយោបាយ​យ៉ាង​ឆាប់​រហ័ស​នៅ​ថ្ងៃ​ ទី​២២ កក្កដា។ គណបក្ស​ទាំង​ពីរ​ក៏​ឯកភាព​គ្នា​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ក៏​មាន​ការ​ដោះលែង​តំណាងរាស្ត្រ​វិញ​នៅ​ថ្ងៃ​នោះ​ដែរ បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ។
យ៉ាង​នេះ​ក្ដី សំណុំ​រឿង​ចាប់​ចង​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ តុលាការ​បាន​ចាប់​លោក មាជ សុវណ្ណារ៉ា វិញ​ម្ដង ដែល​លោក មាជ សុវណ្ណារ៉ា កូតា​ខាង​លោក កឹម សុខា ទោះ​ជា​លោក សម រង្ស៊ី ខំ​ស្វះស្វែង​អន្តរាគមន៍​សុំ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​វិញ រហូត​ដល់​លោក សម រង្ស៊ី បាន​ជួប​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ក្ដី ក៏​មិន​ទាន់​មាន​តម្រុយ​ដោះលែង​វិញ​ដែរ។ បញ្ហា​នេះ តាម​មើល​ទៅ​លោក ហ៊ុន សែន អាច​ប្រើ​ល្បិច​ដើម្បី​ឲ្យ​សម្ពន្ធភាព​រវាង​លោក សម រង្ស៊ី និង​លោក កឹម សុខា អាក់អន់ចិត្ត​គ្នា​បន្តិច​ម្ដងៗ​ក៏​ថា​បាន។
ក្រៅ​ពី​នេះ​ទៀត ចំពោះ​លោក កឹម សុខា វិញ នៅ​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន ហាក់​ចាប់​យក​លោក សម រង្ស៊ី ជា​គូសន្ទនា និង​ចាត់​ទុក​លោក កឹម សុខា​ជា​សត្រូវ​នយោបាយ​វិញ ឬ​យ៉ាង​ណា? ព្រោះ​ថា លោក ហ៊ុន សែន តែងតែ​ប្រកាស​ជា​សាធារណៈ​ព្រមាន​ដក​តំណែង​លោក កឹម សុខា ជា​អនុ​ប្រធាន​ទី​១​រដ្ឋសភា ព្រោះតែ​លោក កឹម សុខា តែងតែ​ធ្វើការ​រិះគន់​រដ្ឋាភិបាល​នៅ​ទី​សាធារណៈ​នោះ។ លោក ហ៊ុន សែន ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​ជា​ធំ​វិញ ដែល​សភា​និង​ធ្វើ​សោធនកម្ម​បទបញ្ជា​ផ្ទៃ​ក្នុង​សភា បង្កើត​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នេះ។ ការ​ព្រមាន​នេះ ហាក់​ដូចជា​លោក ហ៊ុន សែន ចង់​បិទ​មាត់​លោក កឹម សុខា និង​បើក​ឱកាស​ឲ្យ​លោក សម រង្ស៊ី ធ្វើ​ជា​ដៃគូ​ក្នុង​ការ​សន្ទនា​ទាក់ទង​បញ្ហា​កំណែ​ទម្រង់​រដ្ឋាភិបាល។ នៅ​ត្រង់​ចំណុច​នេះ លោក ហ៊ុន សែន ហាក់​ដូច​បង្ហាញ​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្ដប់​លើ​តំណាងរាស្ត្រ​ដែល​នៅ​ ក្នុង​រដ្ឋធម្មនុញ្ញ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា តំណាងរាស្ត្រ​មាន​ឯកសិទ្ធិ និង​មាន​សិទ្ធិ​បោះឆ្នោត​ទម្លាក់​នាយករដ្ឋមន្ត្រី​ផង​នោះ។
ចំពោះ​លោក កឹម សុខា វិញ ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញ​ពី​សភា​វិញ​ដែរ បើសិនជា​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​លើ​កិច្ចព្រមព្រៀង​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤។ បើសិនជា​លោក កឹម សុខា ដើរ​ចេញ​ពី​សភា​មែន ហើយ​តំណាងរាស្ត្រ​មួយ​ចំនួន​មិន​ដើរ​ចេញ​តាម​លោក​នោះ សម្ពន្ធភាព​រឹងមាំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អាច​ប្រេះឆា​នៅ​ពេល​នោះ។
ក្រៅ​ពី​នេះ​ទៀត គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​លោក កឹម សុខា ពិសេស​នឹង​មិន​អាច​ធ្វើ​ឲ្យ​លោក កឹម សុខា បំពេញ​តួនាទី​របស់​ខ្លួន​ជា​អនុប្រធាន​ទី​១​រដ្ឋ​សភា​បាន​ដោយ​សេរី​ក៏​ថា​ បាន នៅ​ពេល​ប្រធាន​ក្រុម​ភាគ​តិច​បង្កើត​ឡើង​នៅ​ក្នុង​សភា។ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ​កំពុង​លេង​ល្បែង​បង្រួបបង្រួម បំបែក​បំបាក់ បង្កើត​ថ្មី មែន​នោះ លទ្ធផល​ឈ្នះ ឬ​ចាញ់ វា​អាស្រ័យ​ទៅ​លើ​ថា​តើ​សម្ពន្ធភាព​រវាង​មេដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​ រឹងមាំ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។សូមចុចអានទំព័រដើមនៅទីនេះ

Sunday, March 24, 2013

តើ​លោក សម រង្ស៊ី អាច​មក​កម្ពុជា​វិញ​មុន​ការ​បោះ​ឆ្នោត​ឬ​ទេ?

ដោយ ជុន ច័ន្ទបុត្រ

2013-03-24 ដកស្រង់អាស៊ីសេរី 
សម រង្ស៊ី ៣០៥
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី។
Photo: RFA
អស់​រយៈពេល​ជាង ៤​ឆ្នាំ​ហើយ ដែល​លោក សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ក្រោយ​ពេល​ដែល​តុលាការ​ខេត្ត​ស្វាយរៀង កាត់​ទោស​ឲ្យ​លោក​ជាប់​ពន្ធនាគារ​ចំនួន ១២​ឆ្នាំ ពី​បទ​បំផ្លាញ​បង្គោល​ព្រំដែន បទ​ក្លែង​បន្លំ​ឯកសារ​ផែនទី បទ​បរិហារ​កេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជាដើម។ តាំង​ពី​នោះ​មក លោក​បាន​ខិតខំ​រក​វិធី​គ្រប់​បែប​យ៉ាង ដើម្បី​បាន​ចូល​មក​ប្រទេស​កម្ពុជា វិញ ជា​ពិសេស​ក្នុង​ខណៈ​ដែល​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ។
នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក សម រង្ស៊ី រស់​នៅ​និរទេស​ខ្លួន ហើយ​ស្វះស្វែង​រក​វិធី​ដើម្បី​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ។ តែ​កាល​ពី​លើក​មុន លោក​ទទួល​បាន​ការ​លើកលែង​ទោស រួច​បាន​មក​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។ សភាពការណ៍​នៅ​ពេល​នេះ​វិញ ហាក់​មិន​អំណោយ​ផល​ដល់​លោក សម រង្ស៊ី ដូច​លើក​មុន​នោះ​ទេ។
កាល​ពី​ពេល​បោះ​ឆ្នោត​លើក​មុន នៅ​ឆ្នាំ​២០០៨ លោក ហ៊ុន សែន ត្រូវ​ការ​ឲ្យ​លោក សម រង្ស៊ី ដក​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ក្រុង​ញីវយ៉ក សហរដ្ឋអាមេរិក ពី​បទ​ចោទ​លោក​ថា​នៅ​ពី​ក្រោយ​ជន​ដៃដល់​គប់​គ្រាប់បែក​សម្លាប់​ក្រុម​បាតុករ និង​ការ​ប៉ុនប៉ង​ចង់​សម្លាប់​លោក សម រង្ស៊ី។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​លោក សម រង្ស៊ី។ បន្ថែម​ពី​នេះ កាល​ណោះ​លោក ហ៊ុន សែន ចង់​បាន​សំឡេង​គាំទ្រ​របស់​លោក សម រង្ស៊ី ក្នុង​ការ​កែប្រែ​ច្បាប់​ពី​សំឡេង ២ ភាគ ៣ ក្នុង​ការ​សម្រេច​អ្វី​មួយ​នៅ​ក្នុង​សភា មក​ជា​ប្រព័ន្ធ ៥០ ភាគរយ បូក ១ វិញ (50+1)។
ពេល​នោះ​លោក ហ៊ុន សែន ប្រហែល​ជា​ចង់​បញ្ចប់​បញ្ហា​ស្មុគស្មាញ​នៅ​តុលាការ​ក្រុង​ញីវយ៉ក​ផង ហើយ​ម៉្យាង​ទៀត លោក ហ៊ុន សែន មើល​ឃើញ​ច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​ដណ្ដើម​បាន​ជាង ៥០% នៃ​អាសនៈ​សភា ហើយ​បើ​អាច​ដូរ​ច្បាប់​បាន គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​អាច​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួន​ឯង មិន​ចាំបាច់​ឈឺ​ក្បាល​នឹង​ទៅ​ចរចា​ជាមួយ​គណបក្ស​ផ្សេង​ទៀត ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ និង​អនុម័ត​ច្បាប់​ផ្សេងៗ​នោះ​ទេ។ អាស្រ័យ​ហេតុ​នេះ​ហើយ​បាន​ជា​ក្រោយ​ពី​ចរចា​គ្នា​ត្រូវរ៉ូវ​រួច លោក សម រង្ស៊ី ត្រូវ​បាន​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង​ទោស ហើយ​លោក​ក៏​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ឆ្នាំ​២០០៨។
បរិបទ​នយោបាយ​ពេល​នេះ​ខុស​គ្នា​ពី​លើក​មុន។ ទាំង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​ជា​គ្មាន​កាដូ​ជូន​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ឬ​និយាយ​អោយ​ស្រួល​ស្ដាប់ លោក ហ៊ុន សែន ពេល​នេះ​ដូច​ជា​មិន​ត្រូវ​ការ​លោក សម រង្ស៊ី អោយ​បម្រើ​ប្រយោជន៍​លោក​ដូច​ពេល​មុន​នោះ​ទេ។ ម៉្យាង​ទៀត ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ ទោះ​ជា​មិន​មាន​វត្តមាន​លោក សម រង្ស៊ី ចូល​រួម ក៏​មាន​លោក កឹម សុខា ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ទៅ​ហើយ។
សន្លឹក​បៀរ​ទាំង​តូច​ទាំង​ធំ​ត្រូវ​លោក ហ៊ុន សែន ចែក​យក​ខ្លួន​ឯង​អស់​ទៅ​ហើយ។ ជា​ការ​ពិត​ព្រះមហាក្សត្រ​មិន​អាច​ប្រទាន​ការ​លើក​លែង​ទោស​អោយ​លោក សម រង្ស៊ី បាន​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​លោក ហ៊ុន សែន ឡើយ។ ក្រៅ​ពី​នេះ នរណា​ក៏​អាច​មើល​ឃើញ​ដែរ​ថា លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ត្រួតត្រា​ស្ថាប័ន​ជាតិ​គ្រប់​វិស័យ រាប់​ទាំង​ពី​ស្ថាប័ន​យោធា ប៉ូលិស តុលាការ សិល្បករ មាន​អ្នក​ចម្រៀង អ្នក​កំប្លែង រហូត​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​លោក​ប្រើប្រាស់​ស្ថាប័ន​ជាតិ និង​ធនធាន​ជាតិ​ទាំង​នោះ ដើម្បី​បម្រើ​ផល​ប្រយោជន៍​គណបក្ស​របស់​លោក​យ៉ាង​មាន​ប្រសិទ្ធភាព។ សូម្បី​តែ​ថៅកែ​រក​ស៊ី​ធំៗ ក៏​ភាគ​ច្រើន​ពាក់​ផ្លាក​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។
ដោយ​គ្មាន​សេសសល់​អ្វី​សម្រាប់​លោក សម រង្ស៊ី ជម្រើស​ចុង​ក្រោយ​របស់​លោក គឺ​ការ​ចាប់​យក​សន្លឹក​បៀរ​ដែល​នៅ​ក្រៅ​ហ៊ូ​ឯ​ណោះ​មក​លេង។ នោះ​គឺ​ជា​ល្បែង​ដែល​លោក សម រង្ស៊ី ធ្លាប់​លេង​រួច​ទៅ​ហើយ។ ថ្វីត្បិត​តែ​លោក​មិន​ទាន់​បាន​ឈ្នះ​ក្តី ក៏​វា​ប្រហែល​ជា​អាច​ជួយ​អោយ​លោក​បាន​ចូល​ទៅ​អង្គុយ​នៅ​ក្នុង​វង់​ហ្នឹង​គេ​ ដែរ។ តាំង​ពី​ពេល​និរទេស​ខ្លួន​មក​ដល់​ពេល​នេះ លោក​ខំ​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​អោយ​ជួយ​បញ្ចុះ​បញ្ចូល​ផង និង​ដាក់​ការ​គាប​សង្កត់​ផង​ទៅ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន អោយ​លោក​បាន​ចូល​ស្រុក​វិញ។
ខាង​សហគមន៍​អន្តរជាតិ​ឯ​ណោះ ថ្វីត្បិតតែ​ពួក​គេ​ខំ​ស្រែក​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កែ​ទម្រង់​ច្បាប់​ការ​បោះ​ឆ្នោត និង​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី អាច​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា ខាង​មុខ​នេះ​ក៏ដោយ ក៏​រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា នៅ​ពុំ​ទាន់​បង្ហាញ​សញ្ញា​វិជ្ជមាន​ណា​មួយ​នៅ​ឡើយ​ទេ។ បន្ថែម​ពី​លើ​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​សហគមន៍​អន្តរជាតិ​វិញ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​គេ​ឯង​តែ​ចោទ​ថា ជា​ឧបករណ៍​របស់​លោក ហ៊ុន សែន ក៏​បាន​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជា​ស្ថាពរ​ទៅ​ហើយ។
ជាង​នេះ​ទៅ​ទៀត ទាំង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី មក​ដល់​ពេល​នេះ​ទៅ​ហើយ​នៅ​តែ​បន្ត​សង្គ្រាម​ពាក្យ​សំដី​ដាក់​គ្នា​ទៅ​វិញ​ទៅ ​មក ហាក់​ដូច​ជា​គ្មាន​ចំណុច​ខិត​ទៅ​ជិត​គ្នា​បាន​សោះ។ លោក សម រង្ស៊ី នៅ​តែ​ចោទ​លោក ហ៊ុន សែន ថា​ជា​មនុស្ស​កំសាក ឯ​លោក ហ៊ុន សែន វិញ ក៏​តប​ទៅ​វិញ​ថា គឺ​លោក សម រង្ស៊ី ទេ​ដែល​កំសាក មាន​ការ​អ្វី​បន្តិច​រត់​ចេញ​ទៅ​ក្រៅ​ស្រុក​ទាំង​លោក​មិន​ដែល​បាន​ដេញ​ផង។
ចំពោះ​លោក សម រង្ស៊ី ខ្លួន​ឯង ថ្វីត្បិតតែ​លោក​តែង​ពោល​ជា​ញឹកញយ​ថា លោក​នឹង​វិល​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ ទោះ​បី​ជា​ត្រូវ​អាជ្ញាធរ​ចាប់​ឃាត់​ខ្លួន​លោក​ក៏ដោយ ក៏​មក​ទល់​ពេល​នេះ​លោក​នៅ​តែ​មិន​ទាន់​ហ៊ាន​ត្រឡប់​ទៅ​វិញ​ទេ។ បញ្ហា​នេះ​ធ្វើ​អោយ​មនុស្ស​មួយ​ចំនួន​លើក​ឡើង​ថា លោក សម រង្ស៊ី ចិត្ត​មិន​សឿង​ដូច​លោក ម៉ម សូណង់ដូ សោះ ដែល​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ ទោះ​បី​ជា​លោក​បាន​ដឹង​ជា​មុន​ថា អាច​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ក៏ដោយ។
ក៏​ប៉ុន្តែ​រឿង​ខ្លះ​អាច​ប្រែ​ក្រឡះ​នា​នាទី​ចុង​ក្រោយ​បាន​ដែរ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ផ្លាស់ប្ដូរ​ចិត្ត​ទៅ​តាម​កាលៈទេសៈ និង​ដើម្បី​ផល​ប្រយោជន៍​ផ្សេងៗ​ទៀត។ ដោយ​មាន​ទំនុក​ចិត្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា ពិត​ជា​ឈ្នះ​ឆ្នោត​លើក​នេះ​ទៀត លោក ហ៊ុន សែន អាច​អោយ​លោក សម រង្ស៊ី ចូល​មក​វិញ​ដែរ។ ទង្វើ​នេះ​យ៉ាង​ហោច​ណាស់​ក៏​អាច​ជួយ​បំបិទ​មាត់​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ​បាន​មួយ​ផ្នែក ចំពោះ​ការ​ដែល​ថា​ការ​បោះ​ឆ្នោត​មិន​មាន​គូ​ប្រជែង​ពី​គណបក្ស​ប្រឆាំង​ទៅ​ តាម​របប​សេរី និង​ពហុ​បក្ស​នោះ​ជា​ដើម។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ បើ​មាន​ការ​ផ្លាស់ប្ដូរ​ចិត្ត​អោយ​លោក សម រង្ស៊ី ត្រឡប់​ចូល​កម្ពុជា នៅ​នាទី​ចុង​ក្រោយ​មែន លោក​ក៏​ប្រហែល​ជា​នឹង​មាន​ពេល​វេលា​តិចតួច​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ​ធ្វើ ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ណាស់ ហើយ​ពេល​នោះ វត្តមាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ការ​បោះ​ឆ្នោត ក៏​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជីរ​ដែល​គេ​យក​ទៅ​បង់​អោយ​ធុំក្លិន​និង​ល្អ​ មើល លើ​សម្ល​ដែល​គេ​ស្ល​ឆ្អិន​ហើយ​ស្រាប់​នោះ​តែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Saturday, January 5, 2013

មន្ត្រី​បក្ស​កាន់​អំណាច​រិះគន់​លោក កឹម សុខា ថា​មិន​ទទួល​ស្គាល់​របប ប៉ុល ពត

ដោយ ម៉ម មុនីរតន៍

2013-01-05
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រង​ការ​វាយ​ប្រហារ​ពី​មន្ត្រី​គណបក្ស​ប្រជាជន ថា លោក​កំពុង​ប្រើប្រាស់​សារ​របស់​ខ្លួន​បន្លំ​ប្រជាពលរដ្ឋ​ខ្មែរ ថា​ពុំ​មាន​របប​ខ្មែរ​ក្រហម​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ និង​ឆ្នាំ​១៩៩៧។ មន្ត្រី​គណបក្ស​ប្រជាជន ចាត់​ទុក​សារ​របស់​លោក កឹម សុខា នេះ​ថា គឺ​ជា​ការ​បម្រើ​នយោបាយ​ឲ្យ​ក្រុម​ចក្រពត្តិនិយម​អាម៉េរិកាំង របស់​សេនា​ប្រមុខ លុន ណុល។
RFA/Morm Moniroth
(ពី​ឆ្វេង) លោក ជុំ កុសល អ្នក​ធ្វើ​អត្ថាធិប្បាយ​ប្រចាំ​ទូរទស្សន៍​ប៉ុស្តិ៍​បាយ័ន និង​លោក ជុំ មី អតីត​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ជួប​ជុំ​និស្សិត​នៅ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង សង្កាត់​ទួលស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៥ ខែ​មករា ឆ្នាំ​២០១៣។

ឆ្លើយ​តប​នឹង​ការ​រិះគន់​នេះ លោក ប៉ុល ហំម អនុប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា សារ​របស់​សមាជិក​របស់​បក្ស​ប្រជាជន​កម្ពុជា រូប​នេះ ធ្វើ​ឡើង​ជា​ការ​ឃោសនា​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​មក​ដល់​ប៉ុណ្ណោះ។
ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ប្រចាំ​ទូរទស្សន៍​បាយ័ន លោក ជុំ កុសល ព្រមាន​ចាក់​ផ្សាយ​ខ្សែ​អាត់​វីដេអូ​ជា​សាធារណៈ ប្រឆាំង​នឹង​សារ​របស់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា របប​ខ្មែរ​ក្រហម និង​សំណល់​ដែល​សេសសល់​ក្នុង​សម័យ​នោះ គឺ​គ្រាន់​តែ​ជា​របស់​សិប្បនិមិត្ត​ប៉ុណ្ណោះ។
ការ​ថ្លែង​បែប​នេះ​របស់​លោក ជុំ កុសល ធ្វើ​ឡើង​ខណៈ​ដែល​លោក និង​គណបក្ស​ប្រភូ​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ជួប​ជុំ​និស្សិត​រាប់​រយ​នាក់​នៅ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ដែល​ស្ថិត​នៅ​សង្កាត់​ទួលស្វាយព្រៃ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៥ មករា ឆ្នាំ​២០១៣។
លោក ជុំ កុសល ដែល​មាន​ងារ​ជា​ទីប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​អ្នក​ធ្វើ​អត្ថាធិប្បាយ​ប្រចាំ​ទូរទស្សន៍​បាយ័ន ផង​នោះ ហៅ​ការ​ថ្លែង​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​កន្លង​ទៅ​អំពី​របប​ខ្មែរ​ក្រហម ថា​គឺ​ជា​ក្រុម​ប្រឆាំង​ដែល​បាន​បន្សល់​ទុក​តាំង​ពី​សម័យ​សាធារណរដ្ឋ ហើយ​តែង​ចង់​ផ្លាស់​ប្ដូរ​របប​តាម​ឆន្ទៈ​នយោបាយ​របស់​ខ្លួន។
លោក ជុំ កុសល៖ «តើ​ប្អូនៗ​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​របប​ទៀត​អត់? ចង់​ឬ​ក៏​មិន​ចង់​ចម្លើយ អត់។ មាន​ន័យ​ថា ប្អូនៗ​អត់​ចង់​ឃើញ​ប្រវត្តិ​អតីតកាល​កើត​ជា​ថ្មី​ម្ដង​ទៀត។ បច្ចុប្បន្ន​មាន​អ្នក​នយោបាយ​ខ្លះ​គាត់​ចង់​ប្ដូរ​របប ពីព្រោះ​អ្នក​នយោបាយ​ប្រឆាំង​ទាំង​នោះ គាត់​ជា​មនុស្ស​ស្ថិត​នៅ​ក្នុង​ពពួក​ស្តាំ​និយម ពពួក​សាធារណរដ្ឋ​និយម គាត់​ចង់​ប្ដូរ​របប។ ប៉ុន្តែ​យើង​ប្ដេជ្ញា​ចិត្ត​ថា យើង​មិន​ឲ្យ​ដាន​ប្រវត្តិសាស្ត្រ​វិល​ថយ​ក្រោយ​វិញ​ទេ»
ប្រតិកម្ម​នឹង​ការ​ថ្លែង​របស់​លោក ជុំ កុសល នេះ អនុប្រធាន​គណៈកម្មាធិការ​បណ្ដោះ​អាសន្ន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បញ្ជាក់​ថា គោល​នយោបាយ​របស់​បក្ស​ប្រឆាំង គឺ​ពុំ​មាន​គោលការណ៍​អ្វី​ក្រៅ​ពី​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ និង​របប​រាជា​និយម​នោះ​ទេ។
លោក ជុំ កុសល៖ «យើង​ធ្វើ​ការ​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​ មាន​២​ចំណុច​សំខាន់ ថា​ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​មាន​ព្រះមហាក្សត្រ​សោយរាជ្យ។ ហើយ​ទី២ គឺ​ប្រទេស​កម្ពុជា ប្រកាន់​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ចំណុច​ទាំង​ពីរ​នេះ គឺ​ចែង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ថា​បើ​ទោះ​ជា​គណបក្ស​ណា​ឈ្នះ​ប៉ុន្មាន​ក៏​ដោយ ក៏​យើង​មិន​អាច​ធ្វើ​វិសោធនកម្ម​ចំណុច​ទាំង​ពីរ​នេះ​បាន​ទេ។ ដូច្នេះ ដោយ​គោលការណ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ យើង​ប្រកាន់​នូវ​មធ្យោបាយ​ធ្វើ​ការ​តស៊ូ​ដោយ​អហិង្សា​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ ​រដ្ឋធម្មនុញ្ញ មិន​យក​ខ្មែរ​ណា​ធ្វើ​សត្រូវ។ ដូច្នេះ អ្វី​ដែល​ជា​ការ​ចោទ​ប្រកាន់​របស់​គេ​នោះ គឺ​ត្រឹមត្រូវ​ទេ យើង​មិន​ប្រកាន់​ជំហរ​ដូច​របប​សាធារណរដ្ឋ»
លោក ប៉ុល ហំម ចាត់​ទុក​សារ​របស់​សមាជិក​គណបក្ស​ប្រជាជន រូប​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​បក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​ជិត​មក​ដល់​ប៉ុណ្ណោះ។
ចំណែក​លោក សុខ ទូច បណ្ឌិត​វិទ្យា​សាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​វេទិកា​ដឺដង​គ្នា​របស់​អ្នក​នយោបាយ វា​មាន​ភាព​ប្រសើរ​ជាង​ការ​បង្ហូរ​ឈាម​ដើម្បី​អំណាច។ លោក​គិត​ថា នេះ​ជា​របៀប​សង្គម​ប្រជាធិបតេយ្យ​ដែល​គូបដិបក្ខ​តែង​ប្រើប្រាស់​មធ្យោបាយ​ របស់​ខ្លួន​នៅ​មុន​ការ​បោះ​ឆ្នោត ដើម្បី​ប្រជាប្រិយភាព។
លោក សុខ ទូច៖ «ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​អ៊ីចឹង​ដែរ នៅ​ពេល​ដែល​ជិត​បោះ​ឆ្នោត គេ​ត្រូវ​តែ​ប្រើប្រាស់​ឲ្យ​អស់​លទ្ធភាព​នៃ​ភាព​ទន់​ខ្សោយ​របស់​ដៃគូ ដើម្បី​បង្ហាញ​ទៅ​ទស្សនិកជន​ក្នុង​ការ​ជ្រើស​រើស​ម្ចាស់​ឆ្នោត។ ចិត្ត​កីឡា​ហ្នឹង​ម៉េច ថា​ក្រោយ​ពី​ឡើង​វេញ​ប្រដាល់ ត្រូវ​បញ្ចប់ បញ្ចប់​អញ​និយម បក្ខពួក​និយម ឬ​ក៏​ហៅ​ថា​សង្គ្រាម​ចិត្ត​សាស្ត្រ​ត្រូវ​បាន​បញ្ចប់ ត្រូវ​តែ​គិតគូរ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ។ ចំណុច​ទី២ គឺ​ជា​ចំណុច​ដែល​យើង​ត្រូវ​ពិចារណា​ទាំង​អស់​គ្នា ការ​ប្រើប្រាស់​ភាសា​សម្ដី​ប្រសើរ​ជា​ជាង​ការ​ប្រើប្រាស់​កម្លាំង​បាយ​ក្នុង ​ការ​ទាញ​យក​អំណាច»
ទោះ​ជា​បែប​ណា សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត និង​បក្ស​ប្រឆាំង តែង​រិះគន់​ថា រដ្ឋាភិបាល​ហាក់​បាន​គ្រប​ដណ្ដប់​ស្ទើរ​គ្រប់​វិស័យ​ក្នុង​ពេល​បច្ចុប្បន្ន​ នេះ ដោយ​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tuesday, December 4, 2012

ទស្សនៈ​ជុំវិញ​ការ​ប្ដឹង​ផ្តល់​រវាង​តំណាង​យុវជន​បក្ស សម រង្ស៉ី និង​លោក ហ៊ុន សែន

ដោយ វណ្ណ វិចារ

2012-12-04
ការ​ប្ដឹង​ផ្តល់​រវាង​តំណាង​យុវជន​គណបក្ស សម រង្ស៉ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​របត់​នយោបាយ​ថ្មី​មួយ​នៅ​កម្ពុជា។ អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ហៅ​រឿង​ក្តី​ក្ដាំ​នេះ​ថា​ជា​បញ្ហា​នយោបាយ​ធំ​មួយ​សម្រាប់​ស្វាគមន៍​ការ​បោះ ​ឆ្នោត​សភា​ឆ្នាំ​២០១៣។
RFA/Khe Sonorng
ប្រធាន​ក្រុម​យុវជន​នៃ​គណបក្ស សម រង្ស៊ី លោក សួង សុភ័ណ្ឌ ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

ប៉ុន្តែ តំណាង​យុវជន​គណបក្ស សម រង្ស៉ី ឆ្លើយ​តប​ថា បណ្ដឹង​នេះ​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោលដៅ​នយោបាយ​នោះ​ទេ ប៉ុន្តែ​ខ្លួន​មាន​ភស្តុតាង​ផ្លូវ​ច្បាប់​គ្រប់គ្រាន់ ក្នុង​ការ​តតាំង​ក្តី​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។
តើ​សំណុំ​រឿង​ប្ដឹង​ផ្តល់​នោះ នឹង​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ​សម្រាប់​គូភាគី​ទាំង​ពីរ និង​ពលរដ្ឋ​ទូទៅ?
ករណី​ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៉ី ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​តុលាការ បង្ហាញ​ឲ្យ​ឃើញ​រូបភាព​សំខាន់ៗ​បី​ចំណុច។ ទីមួយ គឺ​លោក ហ៊ុន សែន មាន​ហេតុផល​លើក​ឡើង​ថា កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ។ ទីពីរ យុវជន​គណបក្ស​ប្រឆាំង នឹង​ល្បី​ឈ្មោះ មាន​មហា​ជន​ស្គាល់​ច្រើន​តាម​រយៈ​បណ្ដឹង​នេះ។ ទីបី ពលរដ្ឋ​នឹង​ចាប់​អារម្មណ៍​ពិចារណា និង​តាម​ដាន​លើ​ករណី​មនុស្ស​ស្លាប់​នៅ​កោះ​ពេជ្រ ដែល​ស្ទើរ​តែ​ផុត​រលត់​នៅ​ក្នុង​អារម្មណ៍​នោះ​ឲ្យ​កក្រើក​ឡើង​វិញ។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា បណ្ដឹង​របស់​យុវជន​គណបក្ស​ប្រឆាំង​អាច​ជា​ករណី​នយោបាយ ព្រោះ​ថា​ពាក្យ​បណ្ដឹង​ចង់​បង្ហាញ​ពី​ចេតនា​សំដៅ​ថ្នាក់​ដឹកនាំ​កំពូល ហើយ​ធ្វើ​ឡើង​ស្រប​ពេល​ការ​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់​ថែម​ទៀត។ លោក​បន្ត​ថា នៅ​ពេល​ដែល​ជិត​បោះ​ឆ្នោត​ម្តងៗ គណបក្ស​នយោបាយ​នានា​តែង​តែ​រក​ចំណុច​ខ្លាំង ឬ​ចំណុច​ខ្សោយ​របស់​គូ​ប្រជែង ដើម្បី​វាយ​ប្រហារ​ក្នុង​គោលដៅ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ពលរដ្ឋ។
លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​សព្វថ្ងៃ​តាម​ដាន​ព័ត៌មាន ដូច​នេះ​រឿងរ៉ាវ​ប្ដឹង​ផ្តល់​នេះ​នឹង​ផ្តល់​នូវ​ភស្តុតាង​ជាច្រើន​ទៀត សម្រាប់​ឲ្យ​ពលរដ្ឋ​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៖ «មិន ​មែន​ជា​រឿង​សាមញ្ញ​ទេ ជា​រឿង​ធំ​បំផុត​ក្នុង​របត់​នយោបាយ​នៅ​កម្ពុជា ប្រជាពលរដ្ឋ​ជា​អ្នក​ផ្តល់​អំណាច​ឲ្យ​បក្ស​ណា​មួយ ដើម្បី​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៣។ ពលរដ្ឋ​តាម​ដាន​ព័ត៌មាន អីចឹង​ពលរដ្ឋ​អាច​ដឹង​ថា​រឿង​ហ្នឹង​តុលាការ​បកស្រាយ​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ ហើយ​បន្ទុក​នៃ​សាច់​រឿង​ត្រូវ​ដាក់​ទៅ​លើ​អ្នក​ណា អ្នក​ណា​ដែល​ទទួល​បាន​នូវ​យុត្តិធម៌»
លោក សុខ ទូច បន្ត​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​នឹង​មាន​ផល​ប្រយោជន៍​សម្រាប់​បង្ហាញ​អន្តរជាតិ​ដែរ​អំពី​ស្ថានភាព​ ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រោះ​ថា​មាន​ក្មេង​ស្រករ​ក្រោយ​ហ៊ាន​ប្ដឹង​ដល់​ទៅ​នាយក​រដ្ឋមន្ត្រី។
ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២ ធ្នូ ក្នុង​សន្ទរកថា​ទៅ​កាន់​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ ហាក់​មិន​បាន​សម្ដែង​អារម្មណ៍​ខឹង​សម្បារ​តប​ទៅ​កាន់​យុវជន​គណបក្ស សម រង្ស៉ី ទេ។ លោក ហ៊ុន សែន ថែម​ទាំង​សរសើរ​ថា យុវជន​បច្ចុប្បន្ន​មាន​ភាព​ក្លាហាន​ជាង​យុវជន​ជំនាន់​មុន​ឆ្ងាយ​ណាស់ ព្រោះ​តែ​ពួក​គេ​មាន​ការ​អប់រំ​ច្រើន ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​កេង​ចំណេញ​នយោបាយ​ខ្លះ​ដែរ​ជុំវិញ​ករណី​ប្ដឹង​ ផ្តល់​នេះ៖ «មាន​យុវជន​មួយ​នោះ គេ​បាន​ដាក់​ពាក្យ​ប្ដឹង​ខ្ញុំ​កាល​ពី​ម្សិលម្ង៉ៃ វា​ច្បាស់​ណាស់​ថា គ្មាន​ការ​គាប​សង្កត់​អ្វី​ទាំង​អស់​ក្នុង​រឿង​នយោបាយ រហូត​ដល់​យុវជន​អាយុ​ជាង​ម្ភៃ​ឆ្នាំ​ម្នាក់​ហ៊ាន​ដាក់​ពាក្យ​ប្ដឹង​នាយក​ រដ្ឋមន្ត្រី​របស់​ប្រទេស​បាន តើ​សិទ្ធិ​ប៉ុណ្ណា​ទៀត។ យុវជន​ជាន់​នេះ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង​ទាំង​អស់ រាប់​ទាំង​សិទ្ធិ​ប្ដឹង​នាយក​រដ្ឋមន្ត្រី​ទៅ​តុលាការ»
លោក ហ៊ុន សែន បន្ត​ថា រឿងរ៉ាវ​ប្ដឹង​ផ្តល់​នេះ​ទុក​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ប៉ុន្តែ​លោក​នឹង​ប្ដឹង​បក​វិញ បើ​សិន​ជា​តុលាការ​រក​ឃើញ​ថា​លោក​មិន​មាន​កំហុស។
ទោះ​ជា​យ៉ាង​ណា​ក្តី ប្រធាន​ចលនា​យុវជន​គណបក្ស សម រង្ស៉ី លោក សួង សុភ័ណ្ឌ ថ្លែង​ថា លោក​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​កាន់​តុលាការ មិន​មែន​ជា​រឿង​កេង​ចំណេញ​ផ្នែក​នយោបាយ​នោះ​ទេ។ លោក​បន្ត​ថា លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​បង្ហាញ​តុលាការ ដូច​នេះ​លោក​សង្ឃឹម​ថា​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ​នៅ​កោះ​ ពេជ្រ។ លោក សួង សុភ័ណ្ឌ បញ្ជាក់​ថា ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ប្ដឹង​តប​វិញ​ក៏ដោយ ប៉ុន្តែ​លោក​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ត​ទល់​នឹង​មន្ត្រី​ធំៗ​របស់ ​រដ្ឋាភិបាល​ក្នុង​សំណុំ​រឿង​នៅ​កោះ​ពេជ្រ។
លោក សួង សុភ័ណ្ឌ៖ «ខ្ញុំ​អត់​មាន​ការ​បារម្ភ​នោះ​ទេ បែរ​ជា​ខ្ញុំ​សប្បាយ​ចិត្ត​ទៅ​វិញ ដោយ​សារ​ខ្ញុំ​បាន​ហេតុ​អ្វី? ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយ​រូប ខ្ញុំ​បាន​យក​ច្បាប់​ហ្នឹង​មក​ប្រើ ខ្ញុំ​បាន​ជជែក​វែក​ញែក​ច្បាប់​ជាមួយ​រដ្ឋាភិបាល យក​មក​ជួយ​ពលរដ្ឋ​ដែល​រងគ្រោះ​ខ្វះ​សេចក្តី​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​ ដោយ​ខ្លួន​ឯង ដូច​នេះ ខ្ញុំ​មិន​ខ្លាច​ទាល់​តែ​សោះ»
លោក សួង សុភ័ណ្ឌ បន្ត​ថា ពាក្យ​បណ្ដឹង​របស់​លោក​នឹង​ក្លាយ​ជា​សញ្ញា​មួយ​ប្រាប់​ពលរដ្ឋ​ទូទៅ​ថា ពលរដ្ឋ​មាន​សិទ្ធិ​គ្រប់​បែប​យ៉ាង ដូច​នេះ​មិន​ត្រូវ​ឲ្យ​គេ​រំលោភ​សិទ្ធិ​របស់​ខ្លួន​ជា​ដាច់​ខាត។
ចំណែក​ឯ​ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា យុវជន​គណបក្ស សម រង្ស៉ី ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី​ជា​សិទ្ធិ​របស់​គាត់។ តែ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​អាច​វាយ​បក​វិញ តាម​រយៈ​ផ្លូវ​ច្បាប់​ដែរ​ក្នុង​ករណី​បទ​ល្មើស​បរិហារ​បង្កាច់​កេរ្តិ៍ បើ​សិន​ជា​មាន​ភស្តុតាង​បញ្ជាក់​ពី​ចេតនា​អាក្រក់​ណា​មួយ​របស់​យុវជន​គណបក្ស ​ប្រឆាំង។
ទាក់​ទិន​នឹង​រឿង​ប្ដឹង​ផ្តល់​គ្នា​ទៅ​វិញ​ទៅ​មក​នេះ អ្នកស្រី មូរ សុខហួរ ក៏​ធ្លាប់​ចាញ់​ក្តី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្តង​ដែរ ដោយ​តុលាការ​គ្រប់​ជាន់​ថ្នាក់​សុទ្ធ​តែ​កាត់​ក្តី​ឲ្យ​លោក​នាយក​ រដ្ឋមន្ត្រី​ឈ្នះ ហើយ​តម្រូវ​ឲ្យ​ស្ត្រី​រូប​នេះ​បង់​ប្រាក់​សំណង​អស់​ជាច្រើន​លាន​រៀល តែ​មហា​ជន និង​ក្រុម​សង្គម​ស៊ីវិល​មួយ​ចំនួន ព្រម​ទាំង​អ្នកស្រី មូរ សុខហួរ សុទ្ធ​តែ​រិះគន់​ថា​មិន​យុត្តិធម៌។
ចំពោះ​ករណី​មនុស្ស​ស្លាប់​នៅ​កោះ​ពេជ្រ​វិញ អ្នក​តាម​ដាន​បញ្ហា​សង្គម​យល់​ថា យុវជន​គណបក្ស សម រង្ស៉ី ប្ដឹង​មន្ត្រី​រដ្ឋាភិបាល​ពី​រឿង​ទទួល​ខុស​ត្រូវ​វិញ ទើប​ត្រឹមត្រូវ​ជាង ដោយ​សារ​ហេតុផល​ថា បន្ទាប់​ពី​មនុស្ស​ស្លាប់​នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា ឆ្នាំ​២០១០ រួច​មក អាជ្ញាធរ​មិន​បាន​ចេញ​មុខ​ទទួល​ខុស​ត្រូវ​នោះ​ទេ។ មន្ត្រី​រដ្ឋាភិបាល និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គ្រាន់​តែ​ផ្តល់​លុយ​សំណង​ឲ្យ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ជា​ការ​ស្រេច ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ វាយ​កម្ទេច​ស្ពាន​ប្រវត្តិសាស្ត្រ​ដែល​ឆក់​យក​ជីវិត​មនុស្ស​ជាង ៣០០​នាក់​ចោល ដើម្បី​បំបាត់​ភស្តុតាង​ថែម​ទៀត។
តាម​ការ​សិក្សា​នា​ពេល​កន្លង​ទៅ មន្ត្រី​រដ្ឋាភិបាល ឬ​អ្នក​នយោបាយ​ខ្មែរ​ជាច្រើន​ជំនាន់ មិន​សូវ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​នោះ​ទេ បើ​ទោះ​ជា​ខ្លួន​ដឹកនាំ​បណ្ដាល​ឲ្យ​មាន​បញ្ហា​អ្វី​កើត​ឡើង​ក៏ដោយ។ សវនាការ​សាលា​ក្តី​ខ្មែរ​ក្រហម​បង្ហាញ​ថា មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទាំង​នោះ​មិន​មាន​នរណា​ម្នាក់​ទទួល​ស្គាល់​ថា​ខ្លួន​ គ្រប់គ្រង​មិន​ត្រឹមត្រូវ​ទេ។ ព្រឹត្តិការណ៍​ថ្ងៃ៥ ថ្ងៃ៦ កក្កដា សម្លាប់​មនុស្ស​អស់​ជាច្រើន​នាក់ ក៏​អ្នក​ដឹកនាំ​ឆ្លើយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ព្រឹត្តិការណ៍​កោះ​ពេជ្រ ក៏​មិន​មាន​មន្ត្រី​ណា​ម្នាក់​ចុះ​ចេញ​ពី​តំណែង​ដើម្បី​បង្ហាញ​ថា​ខ្លួន​មិន ​បាន​បំពេញ​កាតព្វកិច្ច​មិន​បាន​ល្អ​នោះ​ដែរ។ បើ​នៅ​ប្រទេស​ជប៉ុន វិញ ពេល​មាន​រលក​យក្ស​សូណាមិ (tsunami) នាយក​រដ្ឋមន្ត្រី​សុំ​ទោស​ពលរដ្ឋ ហើយ​ដោះស្រាយ​បញ្ហា​ចប់ គេ​ចុះ​ចេញ​ពី​តំណែង​ភ្លាម ដើម្បី​សម្ដែង​ការ​ទទួល​ខុស​ត្រូវ។ នៅ​ប្រទេស​ឥណ្ឌា ធ្លាប់​មាន​រដ្ឋមន្ត្រី​ចុះ​ចេញ​ពី​តំណែង ដោយ​សារ​តែ​មាន​មនុស្ស​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​រថភ្លើង។
យ៉ាង​ណា​ក៏ដោយ លោក​បណ្ឌិត សុខ ទូច កត់​សម្គាល់​ថា តាម​រយៈ​រឿងរ៉ាវ​ប្ដឹង​ផ្តល់​រវាង​យុវជន​គណបក្ស សម រង្ស៉ី និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ផ្តល់​នូវ​ដំបូន្មាន​សម្រាប់​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​នយោបាយ ពេល​ដែល​ខ្លួន​មាន​អំណាច​ផ្តល់​ការ​ត្រិះរិះ​ពិចារណា​ពី​តម្លៃ​នៃ​ជីវិត​ មនុស្ស និង​អាច​ប្រាប់​ទៅ​យុវជន​ជំនាន់​ក្រោយ​ឲ្យ​ហ៊ាន​ប្រឈម និង​ចូល​រួម​បញ្ហា​នានា​ក្នុង​សង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Thursday, November 29, 2012

លោក សម រង្ស៊ី សង្ឃឹម​អាច​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣

ដោយ យន់ សាមៀន

2012-11-29
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បច្ចុប្បន្ន​កំពុង​ស្នាក់​នៅ​ប្រទេស​កូឌីវ័រ ចូល​រួម​សន្និសីទ​អន្តរជាតិ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ក្រោយ​ពី​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) លោក​មាន​ក្ដី​សង្ឃឹម​ថា នឹង​មាន​ដំណោះស្រាយ​នយោបាយ​មួយ​អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត​មួយ ​បាន។
RFA File
លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នកកាសែត​និង​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់​នៅ​ឯ​ទីស្នាក់ការ​ គណបក្ស​សម​រង្ស៊ីក្នុង​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៣០ កក្កដា ២០០៨។
លោក​បន្ថែម​ទៀត​ថា ទោះ​បី​ជា​ការ​បោះ​ឆ្នោត​នឹង​ឈាន​មក​ដល់​ក្នុង​រយៈពេល ៨ ខែ​ខាង​មុន​នេះ​ក៏​ដោយ ប៉ុន្តែ​លោក​នឹង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត ប្រសិន​បើ​មាន​ដំណោះស្រាយ​នយោបាយ​ណា​មួយ អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ការ​បោះ​ឆ្នោត។
លោក សម រង្ស៊ី៖ «យើង​គួរ​តែ​យល់​ច្បាស់​ហើយ គេ​មិន​ចាំបាច់​ខោក​ក្បាល​យើង​ទេ គេ​ថា​ប៉ុណ្ណឹង គេ​មិន​ឲ្យ​តម្លៃ​ទេ​ការ​បោះ​ឆ្នោត​ណា​ដែល​គ្មាន​ការ​ចូលរួម​ពី​សំណាក់​ទាំង ​អស់។ និយាយ​ឲ្យ​ចំ​ប្រកួត​មាន​តែ​២ មាន​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ហើយ​មាន​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​រូប​ខ្ញុំ សម រង្ស៊ី។ ដូច្នេះ​ការ​បោះ​ឆ្នោត​ត្រូវ​មាន​គូ​ប្រកួត​ទាំង​ពីរ...»
ក្នុង​ជំនួប​តានតឹង​មួយ​រវាង​លោក ហ៊ុន សែន និង​លោក ប៉ារាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បាន​និយាយ​នឹង​លោក ហ៊ុន សែន ថា បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស នឹង​ក្លាយ​ជា​ឧបសគ្គ​រារាំង​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា មិន​ឲ្យ​ស៊ី​ជម្រៅ​បាន។
លោក ប៉ារាក់ អូបាម៉ា បាន​ស្នើ​សុំ​ឲ្យ​កម្ពុជា ដោះលែង​អ្នក​ទោស​នយោបាយ និង​រៀបចំ​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​លក្ខណៈ​សេរី និង​យុត្តិធម៌។
ទាក់ទង​នឹង​បញ្ហា​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត លោក សម រង្ស៊ី បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា បច្ចុប្បន្ន​ថា មាន​ស្តង់​ដារ​ពីរ។
ក្រុមប្រឹក្សា​ធម្មនុញ្ញ កាល​ពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​ច្រាន​ចោល​បណ្ដឹង​របស់​មេធាវី​លោក សម រង្ស៊ី ប្រឆាំង​នឹង​ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ជា​លេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រារាំង​លោក​មិន​ឲ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ពីព្រោះ​លោក​អាច​ក្លាយ​ជា​ដៃគូ​ប្រកួត​ប្រជែង​អំណាច​នឹង​លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្ដី​ថ្លែងការណ៍​លោក សម រង្ស៊ី ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី​២៨ វិច្ឆិកា សរសេរ​ថា ច្បាប់​បោះ​ឆ្នោត​មាត្រា ៥០ ចែង​ថា អ្នក​ទោស​ជាប់​ពន្ធនាគារ​មិន​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន ប៉ុន្តែ​គ្មាន​ជំពូក​ណា​បន្ថែម​ទៀត ដែល​បាន​ចែង​ថា អ្នក​ទោស​ដែល​បាន​កាត់​ទោស​រួច នឹង​ត្រូវ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត​នោះ​ឡើយ។
លោក សម រង្ស៊ី បាន​លើក​ឧទាហរណ៍​ថា ករណី​របស់​អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក ហេង ពៅ និង​អ្នកស្រី ផេង គន្ធាបុរី អតីត​ប្រធាន​ពិធីការ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា និង​ទណ្ឌិត​មួយ​ចំនួន​ទៀត​នៅ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ឡើយ។
លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​លុប​ឈ្មោះ​លោក​ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ប៉ុន្តែ​រក្សា​ឈ្មោះ​ពិរុទ្ធជន​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា ដែល​កំពុង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ប្រៀប​ទៅ​នឹង​ការ​ប្រដាល់​កីឡា​ដែល​មាន​កីឡាករ​តែ​ម្នាក់​ក្នុង​ការ​ប្រកួត ដោយសារ​លោក ហ៊ុន សែន ខ្លាច​ការ​ប្រកួត​ដោយ​យុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons